×

កាំរស្មី​ព្រះអាទិត្យ UV កើនឡើង​ខ្លាំង នេះជា​តិចនិក​ការពារ​ស្បែក​កុំឱ្យកើត​មហារីក

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី សន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យ UV ចាប់ពីទី១៨ ដល់ថ្ងៃទី២៤ សីហា នៅចន្លោះម៉ោង១០ព្រឹក ដល់ម៉ោង ២រសៀល។ ការកើនឡើងនៃកាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឱ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្សយើង ពិសេសស្បែកតែម្តង ករណីធ្ងន់ធ្ងរឈានទៅកើតមហារីកស្បែក។
ខាងក្រោមនេះជាតិចនិកការពារស្បែកយើង អំឡុងពេលការកើនឡើងនៃកាំរស្មីព្រះអាទិត្យ UV ៖

ចៀសវាងត្រូវកម្ដៅថ្ងៃខ្លាំង៖ កម្ដៅថ្ងៃ អាចឡើងខ្លាំងចន្លោះពីម៉ោង១០ព្រឹក ដល់ម៉ោង៤រសៀល។ បើយើងចង់ចេញក្រៅ គួរចៀសវាងពេលវេលានេះ។ ការចៀសវាងត្រូវកម្ដៅថ្ងៃខ្លាំង អាចជួយការពារស្បែករបស់យើងកុំឱ្យរលាកដោយសារកម្ដៅព្រះអាទិត្យ និងជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកស្បែក។ ការត្រូវកម្ដៅថ្ងៃខ្លាំងញឹកញាប់ និងរយៈពេលយូរ អាចបង្កើតឱកាសកើតជំងឺមហារីកស្បែកដែរ។

ប្រើក្រែមការពារកម្ដៅថ្ងៃ៖ ក្រែមការពារកម្ដៅថ្ងៃមិនទប់ស្កាត់កាំរស្មីUV បានទាំងស្រុងទេ តែវាបានដើរតួនាទីយ៉ាងសំខាន់មួយដែរ ក្នុងការការពារស្បែកពីការខូចខាតដោយកម្ដៅព្រះអាទិត្យ។ គ្នាយើងគួរជ្រើសរើសក្រែមការពារកម្ដៅថ្ងៃមាន SPF យ៉ាងតិច៣០ ហើយលាបលើស្បែកមិនថាពេលមេឃមានពពកច្រើនក៏ដោយ។ យើងគួរលាបក្រែមការពារស្បែករាល់ពីរម៉ោងម្ដង និងច្រើនជាងនេះបើយើងលេងហែលទឹក។ ចូរលាបក្រែមការពារកម្ដៅថ្ងៃលើស្បែក រួមទាំងបបូរមាត់ ត្រចៀក ខ្នងដៃ និងក ផងដែរ។

ស្លៀកពាក់ជិតៗ៖ ក្រែមការពារកម្ដៅថ្ងៃមិនអាចការពារស្បែកយើងទាំងស្រុងបានទេ។ ការស្លៀកពាក់ជិតៗ និងពាក់ស្រោមដៃផង អាចជួយការពារស្បែកយើងបន្ថែមពីកម្ដៅថ្ងៃ។
មួយវិញទៀត បើគ្នាយើងចេញក្រៅក៏កុំភ្លេចពាក់វ៉ែនតាការពារកម្ដៅថ្ងៃដូចគ្នា ហើយវ៉ែនតានោះគួរជាវ៉ែនតាដែលអាចការពារកាំរស្មីUV បានទាំងប្រភេទ UVA និងUVB៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង