×
ព័ត៌មានថ្មី

ក្រៅពីធ្វើ​ឱ្យ​ខូចសួត កូវីដ-១៩ អាចនាំ​ឱ្យ​កើត​អាការៈ​គាំងបេះដូង

គ្នាយើងតែងគិតថាជំងឺកូវីដ-១៩ ជាជំងឺដែលពាក់ព័ន្ធនឹងសួត ដោយសារតែអ្នកជំងឺភាគច្រើនតែងតែប្រឈមនឹងអាការៈដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម ប៉ុន្តែយោងតាមការសិក្សាជាបន្តបន្ទាប់បានបង្ហាញថា ជំងឺកូវីដ-១៩ក៏អាចវាយប្រហារដល់បេះដូងរបស់យើងដូចគ្នា។
គណនា BMI នៅទីនេះ
ជំងឺកូវីដ-១៩ប៉ះពាល់ដល់បេះដូងដោយរបៀបណា?
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺជាច្រើនដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ប្រឈមនឹងការខូចខាតបេះដូង ដែលបង្កឡើងដោយវីរុស ដោយសារតែការរលាក ទោះជាអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ យោងតាមការសិក្សាមួយរបស់ប្រទេសអាល្លឺម៉ង់ បានបង្ហាញថា មនុស្សចំនួន៧៦% ដែលកើតជំងឺកូវីដ-១៩ ត្រូវបានរងការខូចខាតបេះដូងដែលស្រដៀងទៅនឹងការខូចខាតដោយការគាំងបេះដូងដូចគ្នា។

ជាក់ស្ដែង ជំងឺកូវីដ-១៩ អាចបង្កឱ្យមានការរលាកសាច់ដុំបេះដូងជាបន្តបន្ទាប់ចំពោះមនុស្សចំនួន៦០%ដែលបានជាសះស្បើយពីជំងឺ។ ចំណែកឯការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា ជំងឺកូវីដ-១៩ អាចបង្កើនហានិភ័យមានដុំកំណកឈាម ដែលអាចបំផ្លាញបេះដូង ឬបង្កជាអាការៈគាំងបេះដូងចំពោះមនុស្សមួយចំនួន។
ក្រុមមនុស្សបែបណាមានហានិភ័យខ្ពស់?
អ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំ ឬលើសពីនេះ ឬអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃអាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺបេះដូងដោយសារតែវីរុសកូវីដ-១៩។ យ៉ាងណាមិញ មនុស្សវ័យក្មេង និងអ្នកដែលមានសុខភាពល្អក៏អាចរងផលប៉ះពាល់ដូចគ្នា។
រោគសញ្ញានៃអាការៈគាំងបេះដូង
រោគសញ្ញាទូទៅនៃអាការៈគាំងបេះដូងមានដូចខាងក្រោម៖
• ឈឺចាប់ ឬមានសម្ពាធនៅក្នុងទ្រូងរយៈពេលពីរបីនាទី
• ឈឺចាប់នៅខ្នង ក ថ្គាម ឬដៃម្ខាង ឬទាំងសងខាង
• ដកដង្ហើមខ្លីៗ
• បែកញើស
• វិលមុខ
• ចង្អោរ
រាល់អ្នកជំងឺដែលកើតមានអាការៈគាំងបេះដូងតែងប្រឈមនឹងរោគសញ្ញាខាងលើ។ ប៉ុន្តែ រោគសញ្ញាដែលច្រើនតែកើតលើអ្នកជំងឺវ័យចំណាស់ និងស្ត្រី រួមមាន៖
• ដកដង្ហើមខ្លីៗ
• ចង្អោរ និងក្អួត
• អស់កម្លាំងធ្ងន់ធ្ងរ

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង