×

ឱ្យកូន​ញ៉ាំថ្នាំ ត្រូវដឹង និង​ប្រយ័ត្ន​រឿងទាំងនេះ មិន​អ៊ីចឹងទេ​កូន​មាន​បញ្ហា​ហើយ

កូននៅតូច ប្រព័ន្ធការពាររាងកាយនៅខ្សោយ អាចប្រឈមនឹងការវាយលុយពីពពួកបាក់តេរី វីរុស ឬមេរោគផ្សេងៗ ទៅជាឈឺនេះ ឈឺនោះ។ ពេលកូនឈឺ ចៀសមិនរួចពីការប្រើថ្នាំទេ តែដើម្បីឱ្យកូនឆាប់ជាពីជំងឺ ហើយមិនប៉ះពាល់សុខភាពទៅថ្ងៃក្រោយ ឱសថការី គីម កាណែល បានផ្តល់តិចនិកខ្លះៗក្នុងផ្តល់ថ្នាំឱ្យកូនខាងក្រោមនេះ។

១. ត្រូវលេបថ្នាំតាមវេជ្ជបញ្ជា

ថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះកម្តៅ ថ្នាំវីតាមីន ម៉ាក់ប៉ាអាចទិញតាមឱសថស្ថានមកឱ្យកូនញ៉ាំដោយមិនចាំបាច់មានវេជ្ជបញ្ជានោះទេ គ្រាន់តែធ្វើតាមណែនាំ និងផ្តល់ទៅតាមកម្រិតថ្នាំដែលមានការណែនាំក្នុងប្រអប់ ឬសំបកថ្នាំប៉ុណ្ណោះ។ ប៉ុន្តែចំពោះការប្រើថ្នាំផ្សេងទៀត ចាំបាច់ត្រូវតែមានវេជ្ជបញ្ជាត្រឹមត្រូវ ជាពិសេសពពួកថ្នាំផ្សះ ដែលម៉ាក់ប៉ាអាចផ្តល់ឱ្យកូនបាន ទៅតាមកម្រិតដែលគ្រូពេទ្យណែនាំ។

២. កុំបញ្ឈប់ផ្តល់ថ្នាំឱ្យកូន ទោះអាការៈធូរស្បើយ

រាល់ថ្នាំដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ ត្រូវប្រើឱ្យគ្រប់តាមចំនួន និងរយៈពេលដែលគ្រូពេទ្យកំណត់។ ប៉ុន្តែក្រោយពេលអាការៈកូនធូរស្បើយពីជំងឺហើយ គួបផ្សំនឹងក្មេងមិនចង់ញ៉ាំថ្នាំផង ម៉ាក់ប៉ាមួយចំនួនតែងតែបញ្ឈប់ការផ្តល់ថ្នាំឱ្យកូន។ “ឧទាហរណ៍ចំពោះថ្នាំផ្សះដែល ពេទ្យបានចេញវេជ្ជបញ្ជាឱ្យអាអូនលេបថ្នាំ៥ថ្ងៃ តែពេលលេបបាន៣ថ្ងៃ អាការៈជំងឺក៏បាត់ អ៊ីចឹងគាត់ឱ្យកូនឈប់លេបថ្នាំហ្នឹង ដោយគិតថា កូនជាហើយ មិនចាំបាច់លេបថ្នាំបន្តទៀតទេ”។ ការគិតបែបនេះមិនត្រឹមត្រូវទេ ព្រោះរយៈពេល ២-៣ដំបូង គឺមិនគ្រប់គ្រាន់ឡើយក្នុងការសម្លាប់មេរោគបង្កជំងឺឱ្យអស់ ហើយមេរោគដែលនៅសំងំ អាចនឹងនៅរស់ហើយនៅពេលខាងមុខវានឹងអាចស៊ាំជាមួយថ្នាំផ្សះ ដូចនេះហើយ ទាល់តែប្រើថ្នាំគ្រប់ចំនួនទៅតាមវេជ្ជបញ្ជា ទើបអាចធានាក្នុងសម្លាប់មេរោគបាន។

៣. ត្រូវបញ្ចុកកូនម្តងទៀត បើក្អួតលើសពី៥០%

បន្ទាប់ពីញ៉ាំថ្នាំរួច កូនក្អួតភ្លាមៗក្នុងបរិមាណច្រើន មានន័យថាបញ្ចុកថ្នាំប៉ុន្មានទៅ កូនក្អួតមកវិញទាំងអស់ ឬក៏ក្អួតលើសពី៥០%ឡើងទៅ ម៉ាក់ប៉ាត្រូវតែបញ្ចុកថ្នាំកូនឡើងវិញ ទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំក្នុងវេជ្ជបញ្ជា ។ ហេតុអីត្រូវបញ្ចុកថ្នាំកូនឡើងវិញទាំងអស់? នេះក៏ដោយសារតែការក្អួតមកវិញភ្លាម ជាតិថ្នាំមិនបានជ្រាបចូលក្នុងខ្លួនកូននោះទេ ដូចនេះកម្រិតព្យាបាលរបស់ថ្នាំគឺមិនគ្រប់គ្រាន់ឡើយ។ ផ្ទុយទៅវិញ បើលេបថ្នាំរួច កូនក្អួតភ្លាម តែក្អួតក្នុងបរិមានតិចតួច ក៏ម៉ាក់ប៉ាមិនបាច់បញ្ចុកថ្នាំកូនឡើងវិញទេ ហើយគួរប្រើថ្នាំតាមពេលវេលាដែលគ្រូពេទ្យកំណត់បន្តទៀត៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង