×

កុំធ្វើ​រឿង ៣ នេះ ដាក់​ក្មេង​ទើបកើត ប្រយ័ត្ន​មាន​បញ្ហាធំ

ចាស់ៗមួយចំនួននៅប្រកាន់ទំនៀមពីបុរាណលើការថែទាំទារកទើបកើតនៅឡើយ ហើយទម្លាប់ខ្លះមិនសមស្របនឹងក្បូនវេជ្ជសាស្ត្រនោះទេ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានហាមដាច់ខាតចំពោះការធ្វើ ៣ ចំណុចខាងក្រោមនេះលើទារកទើបកើត។

១. បន្តក់ទឹកដោះលើភ្នែកកូន

ម៉ាក់ៗដែលកើតកូនតាមធម្មជាតិ អាអូនមានបញ្ហាភ្នែកច្រើនជាងសម្រាលដោយវះកាត់។ នៅពេលកូនស្អិតភ្នែក មានអាចម៍ភ្នែកនោះ ចាស់ៗ ឬម៉ាក់ៗមួយចំនួនបានបន្តក់ទឹកដោះម្តាយចូលភ្នែកកូន ដោយជឿថាទឹកដោះម្តាយល្អ ជាថ្នាំព្យាបាលភ្នែកដ៏សក្តិសិទ្ធ។ ជំនឿបែបនេះមិនសមហេតុសមផលឡើយ ហើយបច្ចុប្បន្នថ្នាំសង្កូវក៏សម្បូរបែបដែរ។ ការបន្តក់ទឹកដោះលើភ្នែករឹតតែធ្វើឱ្យភ្នែកស្អិត ហើម និងរលាកភ្នែក។ ភ្នែកកូនតូចឈឺ គ្រូពេទ្យបានណែនាំឲ្យបន្តក់សេរ៉ូមប្រៃ ឬបើមានបញ្ហាធ្ងន់ធ្ងរ ត្រូវនាំកូនទៅពេទ្យ។

២. ច្របាច់គ្រាប់ដោះកូន

ចាស់ៗសម័យមុន គឺឱ្យតែទារកទើបនឹងកើត ត្រូវច្របាច់ក្បាលដោះកូនឱ្យចេញគ្រាប់ ចៀសវាងពេលធំទៅដោះប្រែជាធំរយីករយាក ឬកើតជំងឺផ្សេងៗនៅកន្លែងនោះ ហើយមិនថាជាកូនប្រុស ឬស្រីឡើយឱ្យតែកើតមក ត្រូវធ្វើបែបនេះភ្លាម។ ការច្របាច់ក្បាលដោះកូន ប្រៀបដូចជានាំមេរោគឱ្យកូនដែរដោយសារមានការដាច់រលាត់ស្បែក ព្រោះបើដៃមិនស្អាត មេរោគនឹងជ្រៀតចូលទៅភ្លាម ហើយបើទោះជាដៃលាងសម្អាត ក៏មេរោគអាចចូលតាមធូលី ខ្យល់ ឬសម្លៀកបំពាក់កូនកកិតប៉ះចុះឡើងនៅកន្លែងនោះ។ នៅពេលក្បាលដោះកូនឆ្លងមេរោគ វាមានរោគសញ្ញាដូចជា ហើម ឡើងក្រហម មានខ្ទុះ និងក្ដៅខ្លួនជាដើម ដូចនេះប្រសិនបើឃើញកូនមានដោះធំ មិនចាំបាច់ទៅភ័យព្រួយអ្វីឡើយ។ ជាធម្មតាកូនដែលថ្លោស ដោះក៏ធំដែរ ព្រោះតែមានសាច់ច្រើន។

៣. រោយម្សៅលើផ្ចិតកូន

ក្រោយចេញពីពេទ្យ ម៉ាក់ប៉ាត្រូវថែទាំផ្ចិតកូនឱ្យបានល្អ ដើម្បីបង្ការការឆ្លងរោគ ដោយធ្វើអនាម័យ និងលាងសម្អាតផ្ចិតកូនជាមួយអាល់កុល និងថ្នាំមេតាឌីន មិនត្រូវយកដីដំបូក សំបុកពីងពាង-ឆ្កែញ៉ាំង ផេះ ម្សៅហុយមកបិទ ឬរោយពីលើផ្ចិតនោះទេ។ ផ្ចិតកូនក្មេងនឹងក្រៀមជ្រុះដោយឯកឯងក្នុងអំឡុង ៥-១៥ ថ្ងៃក្រោយសម្រាល៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika