ពេលខ្លះ ការប្រៀនប្រដៅកូនតូចឱ្យមានចរិតឫកពាត្រឹមត្រូវ ហាក់ដូចជាការឡើងភ្នំដ៏ខ្ពស់មួយអ៊ីចឹង ព្រោះម៉ាក់ប៉ា ត្រូវនិយាយឡើងហត់មាត់ហើយ ទម្រាំចេះស្ដាប់គ្នា។ ត្បិតតែ អាអូននៅតូចក៏ពិតមែន ប៉ុន្តែក្មេងខ្លះក្បាលខូច ចចេស រឹងរូស ពិបាកនិយាយគ្នាណាស់ ហេតុនេះទើបក្នុងការចិញ្ចឹមកូន ម៉ាក់ប៉ាត្រូវចេះតិចនិកបង្ហាត់បង្ហាញពីឫកពាត្រឹមត្រូវឱ្យកូនឃើញ។ ខាងក្រោមនេះ ជាយុទ្ធសាស្ត្រសាមញ្ញៗ តែប្រសិទ្ធភាពខ្លាំងក្លាក្នុងការប្រដៅអាអូនតូចៗក្បាលខូចរួមមាន៖
១. ផ្ដល់ការណែនាំផ្ទាល់ៗ
យើងគួរតែបង្ហាញកូនឱ្យឃើញផ្ទាល់ភ្នែកនៅពេលធ្វើអ្វីមួយ ក្នុងការប្រដៅកូន មិនមែនគ្រាន់តែនិយាយតែមាត់នោះទេ។ ឧទាហរណ៍ ពេលកំពុងដើរនៅសួនជាមួយកូន ស្រាប់តែឃើញកូនឆ្កែមួយគួរឱ្យស្រលាញ់ ហើយអាអូនចង់ប៉ះឆ្កែ យើងត្រូវបង្ហាញកូនពីការអង្អែលក្បាលឆ្កែថ្នមៗ មិនមែនកូនថាចង់ប៉ះឆ្កែ យើងគ្រាន់តែនិយាយអឺ អើនោះទេ។ បើនិយាយឱ្យឆាប់យល់ម៉ង គឺពេលធ្វើអ្វីមួយ យើងត្រូវធ្វើឱ្យកូនមើលជាមុនសិន ព្រោះការបង្ហាញឱ្យឃើញផ្ទាល់ភ្នែកមានប្រសិទ្ធភាពជាងការនិយាយឱ្យកូនស្ដាប់។
២. ដកកូនចេញពីស្ថានភាពណាមួយ
ពេលខ្លះ
កូនក្មេងមិនអាចគ្រប់គ្រងអារម្មណ៍ក្នុងស្ថានភាពកំពុងកើតឡើងណាមួយបានដូចយើងមនុស្សធំឡើយ។ ឧទាហរណ៍ថា ពេលកំពុងដើរផ្សារ អាអូនចេះតែយំរករឿង កិកកុកពេញផ្សារ លួងយ៉ាងណាមិនបាត់ វិធីដែលល្អបំផុតនោះគឺត្រូវទុកការទិញអីវ៉ាន់មួយឡែកសិន និងត្រលប់ត្រូវផ្ទះវិញ ឱ្យអារម្មណ៍កូនបានធូរស្រាល សឹមនិយាយលួងលោមថា អ្វីដែលកូនធ្វើមិនមែនជាទង្វើល្អទេ។
៣. សរសើរពេលធ្វើទង្វើល្អ
ក្មេងៗសុទ្ធតែចូលចិត្តពាក្យសរសើរ ពេលធ្វើអ្វីមួយបានល្អ អ៊ីចឹងបើអូនៗស្តាប់បង្គាប់គួរសរសើរគ្នាផង។ ការសរសើរអាចលើកទឹកចិត្តអូនៗធ្វើតាមយើងនៅពេលក្រោយ ហើយវាជាតិចនិកមួយចាំបាច់ក្នុងការប្រដៅកូនឱ្យល្អ។
៤. មិនអើពើទង្វើមិនល្អខ្លះ
ក្មេងៗចូលចិត្តបញ្ចេញអាកប្បកិរិយាណាដែលទទួលបានចំណាប់អារម្មណ៍ពីម៉ាក់ប៉ាបានច្រើន ក្មេងយំ កិកកុកច្រើនពេលខ្លះ គឺដើម្បីឱ្យម៉ាក់ប៉ាមកលួងលោម ចាប់អារម្មណ៍នឹងខ្លួន។ ផ្ទុយទៅវិញ បើម៉ាក់ប៉ាផ្ដល់តែចំណាប់អារម្មណ៍ទៅកូនពេលអាអូនយំ ឬកិកកុករករឿង នោះអាអូននឹងកាន់តែមានធ្វើអាកប្បកិរិយាមិនល្អ។ ហេតុនេះហើយ បើអាច ពេលកូនយំនៅផ្ទះ ឬកិកកុកតិចតួចអី ធ្វើមិនអើពើខ្លះទៅ និងងាកទៅសរសើរ ឬយកចិត្តទុកដាក់ពេលកូនធ្វើល្អវិញ។
៥. កំណត់វិន័យឱ្យបានល្អ
ក្នុងករណីដែលកូនធ្វើរឿងមិនល្អមួយ ម៉ាក់ប៉ាគួរដាក់វិន័យឱ្យកូនដឹងថា បើធ្វើរឿងមួយមិនសមគួរ កូនៗនឹងត្រូវទទួលពិន័យបែបនេះ (ឧ.ថ្ងៃនេះលេងទូរស័ព្ទច្រើន ង៉ក់ងរពេលមិនឱ្យលេង អ៊ីចឹងស្អែកកូនមិនអាចលេងទូរស័ព្ទទេ ព្រោះថ្ងៃនេះលេងច្រើនហើយ)៕
ប្រភព៖ Hellokrupet