ស្ត្រីមានផ្ទៃពោះគ្រប់រូបច្បាស់ជាព្រួយបារម្ភហើយរឿងសង្វារនៅលើពោះ ខា្លចលែងស្អាត កើតកូនហើយពោះមានសង្វារខ្លាំងពិបាកមើល។ ដូចនេះមានម៉ាក់ៗខ្លះ លាបឡេផ្តេសផ្តាសទៅលើពោះ ដើម្បីការពារកុំឱ្យកើតសង្វារខ្លាំង ដោយមិនដឹងថា វាមានប៉ះពាល់ដល់កូន ឬក៏អត់។
ចំពោះបញ្ហាមួយនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន បានបកស្រាយឱ្យដឹងថា ផលិតផលដែលជួយការពារសង្វារអំឡុងពេលពពោះមានខ្លះមិនប៉ះពាល់ ហើយក៏មានមួយចំនួនដែលអាចប៉ះពាល់ដល់កូនក្នុងផ្ទៃបានដែរ។ ផលិតផលដែលមានផលប៉ះពាល់ទាំងនោះអាច ជ្រាបតាមស្បែកចូលទៅសរសៃឈាម ហើយជាតិគីមីមាននៅក្នុងផលិតផលនោះអាចបណ្តាលឱ្យប៉ះពាល់ដល់កូន។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ឡេ ឬគ្រីមទាំងនោះអាចបណ្តាលឱ្យទារកមានបញ្ហាប្រឈមខាងក្រោមនេះ៖
– កើតមកមិនគ្រប់លក្ខណៈ
– កើតមុនខែ
– រលូត
– ឆែបមាត់ ក្រអូមមាត់
– កើតមិនគ្រប់គីឡូ
– ប៉ះពាល់ដល់ប្រាជ្ញាស្មារតីជាដើម។
ស្របគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានណែនាំទៀតថា យកល្អមិនគួរប្រើពពួកឡេ ឬគ្រីមដែលការពារសង្វារក្នុងពេលពពោះទេ ព្រោះមិនត្រឹមតែផ្តល់ផលប៉ះពាល់ទេ វាមិនប្រាកដទេថា ផលិតផលអស់នោះពិតជាជួយការពារ ឬបំបាត់សង្វារបានមែន ឬយ៉ាងណា។ បើមិនចង់កើតសង្វារខ្លាំង ស្រ្តីពពោះៗ គួរញ៉ាំអាហារឱ្យបានត្រឹមត្រូវ ហាត់ប្រាណ រក្សាទម្ងន់តាមការណែនាំ និងរក្សាស្បែកឱ្យមានសំណើម តាមក្បួនធម្មជាតិទាំងនេះវិញទើបមិនគួរឱ្យបារម្ភ៕
ប្រភព៖ Hellokrupet