ការញុំាច្រើនជ្រុលមិនត្រឹមតែធ្វើឱ្យកុមារធាត់លើសគីឡូទេ តែអាចបណ្តាលឱ្យកុមារមានបញ្ហាប្រព័ន្ធរំលាយអាហារទៀតផង។ តើការញុំាច្រើនជ្រុលប៉ះពាល់ដល់សុខភាពក្រពះពោះវៀនរបស់កុមារយ៉ាងណា?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខបានឱ្យដឹងថា កុមារដែលញុំាច្រើនជ្រុលអាចមានបញ្ហាក្រពះពោះវៀនដូចជា៖
១. រីកក្រពះ
ពេលកុមារញ៉ាំច្រើនជ្រុល ក្រពះរបស់អាអូននឹងរីកធំជាងទំហំធម្មតាដើម្បីសម្របតាមបរិមាណអាហារ។ ពេលក្រពះរីកធំ សរីរាង្គផ្សេងទៀតៗដែលនៅជិតៗនឹងត្រូវក្រពះរុញច្រានចេញពីទីតាំង ដែលអាចធ្វើឱ្យអាអូនមិនស្រួលក្នុងពោះ។
២. ហើមពោះ
ពេលអាអូនញុំាអាហារច្រើនពេក ក្រពះនឹងបញ្ចេញខ្យល់ច្រើនដែលធ្វើឱ្យអាអូនហើមពោះ និងតឹងពោះពិបាកទ្រាំ។
៣. ក្រហាយទ្រូង
ដើម្បីបំបែកអាហារ ក្រពះផលិតអាស៊ីដ hydrochloric ។ នៅពេលកុមារញ៉ាំច្រើនជ្រុល ក្រពះអាអូននឹងពោរពេញទៅដោយអាហារដែលធ្វើឱ្យអាស៊ីដក្រពះច្រាល់ចូលទៅក្នុងបំពង់អាហារ និងបណ្តាលឱ្យអាអូនក្រហាយទ្រូង។ ជាពិសេស ប្រសិនបើអាអូនញុំាអាហារដែលមានជាតិខ្លាញ់ច្រើនដូចជា ភីហ្សា ឈីស ឬបឺហ្គឺជាដើម។
៤. បន្ថយល្បឿនរំលាយអាហារ
ការញុំាំច្រើនជ្រុល ជាពិសេសអាហារដែលមិនល្អចំពោះសុខភាពដូចជា អាហារហ្វាសហ្វូតអាចបង្កើនបន្ទុកដល់ប្រព័ន្ធរំលាយអាហារ ព្រោះបរិមាណអង់ស៊ីមសម្រាប់រំលាយអាហារមានកំណត់។ ដូច្នេះប្រសិនបើបរិមាណអាហារដែលកូនញុំាច្រើន ក្រពះពោះវៀននឹងត្រូវការពេលយូរដើម្បីរំលាយអាហារ។
យូរៗទៅនឹងបណ្តាលឱ្យដំណើរការរំលាយអាហារប្រែទៅជាយឺតដែលមានន័យថា អាហារដែលអាអូនញ៉ាំនឹងស្ថិតនៅក្នុងក្រពះពោះវៀនយូរ ហើយអាចបំប្លែងទៅជាជាតិខ្លាញ់ដែលធ្វើឱ្យធាត់។
ការញុំាច្រើនជ្រុលធ្វើឱ្យក្រពះពោះវៀនកូនមានបញ្ហា ដូច្នេះដើម្បីឱ្យក្រពះពោះវៀនកូនមានសុខភាពល្អ ម៉ាក់ប៉ាគួរឱ្យអាអូនញុំាបន្លែ និងផ្លែឈើដែលសម្បូរជាតិសរសៃឱ្យបានច្រើន ព្រោះជាតិសរសៃអាចជួយឱ្យអាអូនឆ្អែតបានយូរ និងអាចកាត់បន្ថយការញុំាញឹកញាប់ ឬច្រើន៕
ប្រភព៖ Hellokrupet