
គ្នាយើងធ្លាប់បានដឹងរួចមកហើយ អំពីសារៈសំខាន់នៃការទទួលទានដំណេកគ្រប់គ្រាន់ ស្កប់ស្កល់ និងតិចនិកមួយចំនួន ក្នុងការបង្កើនគុណភាពដល់ដំណេកសម្រាប់សុខភាព។ បន្ថែមពីនោះ ការស្វែងយល់អំពី ឥរិយាបថគេង និងទម្លាប់នៃការគេង ក៏ជាផ្នែកមួយនៃការបង្កើនគុណភាពដំណេកដែរ និងជាប្រយោជន៍ទៅដល់សុខភាពរាងកាយ ទាំងសេរីរាង្គខាងក្នុង និងខាងក្រៅទៀតផង។ ខាងក្រោមនេះ គឺជាការលើកឡើងខ្លះៗ អំពីការគេងផ្អៀងទៅខាងឆ្វេង ដែលគ្រូពេទ្យផ្នែកសុខភាពទូទៅនៅសហរដ្ឋអាមេរិក បានលើកឡើង៖
គុណវិបត្តិ
ការគេងផ្អៀងទៅខាងឆ្វេងញឹកញាប់អាចបង្កបញ្ហាបន្តិចទៅសេរីរាង្គខាងក្នុងដែលស្ថិតនៅទ្រូងផ្នែកខាងឆ្វេង។ ពិសេសនោះគឺ សួតទាំងពីរដែលដាក់ទម្ងន់ទៅដល់បេះដូង និងក៏បង្កជាសម្ពាធខ្លះទៅដល់ដំណើរការបេះដូង (ទាញសរសៃបេះដូងដើរខ្សោយ)។ ការគេងផ្អៀងទៅឆ្វេង ក្នុងករណីខ្លះ នាំឱ្យបេះដូងឆ្លើយតបទៅនឹងសម្ពាធវិញ ដោយទាញមុខងារនៃក្រលៀន ធ្វើឱ្យបរិមាណទឹកនោមប្រែប្រួលផងដែរ។ បន្ថែមពីនោះ ការគេងផ្អៀងទៅឆ្វេងយូរ ក៏មានផលប៉ះពាល់តិចតួចខ្លះទៅលើសរសៃប្រសាទដែលមាននៅជាប់នឹងដៃ និងជើងខាងឆ្វេង ក៏ដូចជាស្មា និងឆ្អឹងខ្នងខាងឆ្វេងផងដែរ។
គុណសម្បត្តិ
សម្រាប់ចំណុចវិជ្ជមានវិញ អ្នកជំនាញសុខភាពនៅសហរដ្ឋអាមេរិក បានលើកឡើងថា អ្នកឧស្សាហ៍គេងផ្អៀងទៅឆ្វេង បើប្រៀបនឹងគេងផ្ងារធម្មតា នឹងមិនធ្វើឱ្យមានបញ្ហាដង្ហើម ឬស្រមុកខ្លាំងបន្ថែមនោះឡើយ ពោលគឺ អាចជួយបន្ថយអាការអ្នកមានបញ្ហាដង្ហើមស្រមុកបាន។ បន្ថែមពីនោះទៀត សម្រាប់ស្រ្តីមានផ្ទៃពោះ ដែលច្រើនមានបញ្ហាឈឺខ្នង និងប្លោកទឹកនោម ការគេងផ្អៀងទៅខាង ដោយមានដាក់ខ្នើយទប់ត្រង់ពោះ និងជង្គង់ មិនថាទៅឆ្វេង ឬស្តាំ (ទីតាំងដែលមានអារម្មណ៍ស្រួលខ្លួន) អាចសម្រាលដល់បន្ទុកឈឺខ្នង និងប្លោកទឹកនោមនោះបាន។ ជាមួយគ្នានោះដែរ ការគេងផ្អៀងទៅផ្នែកខាងឆ្វេងខ្លួន ក៏សម្រួលដល់អ្នកមានដៃគូ គេងឱបបង្កើនភាពកក់ក្តៅ ដែលភាសាបច្ចេកទេសហៅថា (Spooning) ផងដែរ៕

ប្រភព៖ Hellokrupet