
មិនថាស្ថិតក្នុងពេលវេលារវល់យ៉ាងណានោះទេ បើឈឺនោមហើយ ត្រូវតែទៅនោមបានឱ្យរហ័ស មិនត្រូវទ្រាំទុកយូរនោះទេ ព្រោះវាអាចប៉ះពាល់ច្រើនទៅដល់សុខភាពផ្នែកតម្រងនោម។ មានករណីមួយចំនួនដែលបង្កឡើងដោយការពន្យារពេលទៅនោមនេះឯង ហើយកើតឡើងជាញឹកញាប់ទៀតផង។

១. ជំងឺរលាកផ្លូវទឹកនោម
ជំងឺនេះមិនប្រកាន់ភេទនោះទេ ព្រោះការណ៍ដែលបង្កើតទម្លាប់ទៅនោមយឺត ឬទ្រាំមិនទៅនោមនោះ អាចនាំឱ្យកើតជំងឺរលាកផ្លូវទឹកនោមបាន ព្រោះថា នៅពេលដែលយើង រក្សាទឹកនោមយូរពេក ពពួកបាក់តេរីដែលមានស្រាប់នៅក្នុងទឹកនោម អាចនឹងកើនឡើងនៅក្នុងប្លោកនោមកាន់តែច្រើនទ្វេរដង ដែលបង្កើនហានិភ័យនៃការវិវត្តទៅជាការឆ្លងមេរោគលើផ្លូវទឹកនោមបាន។
ក្នុងករណីដែលឈានដល់ការរលាកផ្លូវទឹកនោមនឹងមានរោគសញ្ញាដូចជា៖
• ទឹកនោមក្ដៅ ហើយនោមក្រហាយ
• ឈឺចាប់នៅក្នុងឆ្អឹងអាងត្រគាក ឬ ពោះខាងក្រោម
• ការនោមញឹក ហើយតិចៗ
• ទឹកនោមឆ្អេះខ្លាំង ឬមានក្លិនមិនល្អ
• ទឹកនោមមានពណ៌ស្រអាប់
• ទឹកនោមមានលាយឈាម
២. ឈឺចាប់ប្លោកនោម
ការមិនទៅនោមឱ្យបានទៀងទាត់ ក៏អាចនាំឱ្យមានការឈឺចាប់ក្នុងប្លោកនោម ឬតម្រងនោមបាន។ មូលហេតុគឺ ដោយសារតែប្លោកនោម និងសាច់ដុំត្រូវប្រឹងខ្ទប់ទឹកនោមយូរពេក។ ការណ៍នេះបើទោះបីជាយើងនោមរួចក៏ដោយក្ដី ក៏យើងនៅមានអាការៈអាចពិបាកទ្រាំក្នុងការ សម្រាកសាច់ដុំទាំងនោះដែរ បន្ទាប់មកវាក៏អាចចាប់ផ្តើមស្ពឹក និងបណ្តាលឱ្យមានការឈឺចាប់តែម្ដង។ ការឈឺចាប់នេះថ្វីដ្បិតតែមានរយៈពេលខ្លីមែន ប៉ុន្ដែវាក៏ជាបញ្ហារំខាន់ដល់អារម្មណ៍យើងបានដែរ។
៣.ការដាច់រលាត់ប្លោកនោម
គួរដឹងថា ប្លោកនោមគឺជាសរីរាង្គមួយគ្រប់គ្រងដោយស្រទាប់សាច់ដុំធ្វើការកន្ដ្រាក់ និងពង្រីកមាឌទៅតាមបរិមាណទឹកនោមដែលបញ្ជូនពីតម្រងនោម។ កាលដែលបរិមាណទឹកនោមគ្រប់ចំនួន នោះប្លោកនោមនឹងធ្វើការរំញោចទៅកាន់ខួរក្បាលដែលជាមូលហេតុធ្វើឱ្យយើងមានអារម្មណ៍ឈឺនោម។ ប៉ុន្ដែប្រសិនបើខណៈពេលនោះ យើងពន្យារពេល ប្លោកនោមនឹងមានការរីកមាឌកាន់តែរីកធំ ការកន្ដ្រាក់ក៏កាន់តែខ្លាំង បរិមាណទឹកនោមលើសកម្រិត ជាមូលហេតុធ្វើឱ្យមានការដាច់រលាត់ផ្នែកខ្លះនៃប្លោកនោម។ ជាមធ្យមប្លោកនោមរបស់យើង អាចមានសមត្ថភាពស្ដុកទឹកនោមបាន ប្រមាណជាងកន្លះលីតតែប៉ុណ្ណោះ នោះអាស្រ័យទៅលើវ័យ ចំពោះក្មេងអាយុ ១០ឆ្នាំអាចស្ដុកបានប្រមាណជា ៣៦០មីលីលីត្រ។
៤.ក្រួសក្នុងប្លោកនោម
ប្រព័ន្ធតម្រងនោមរបស់យើងអាចកកើតមានក្រួសបាន គឺនៅពេលដែលទឹកនោមបានប្រមូលផ្តុំ ហើយជាប់ក្នុងប្លោកនោមរយៈពេលយូរពេក។ នៅពេលនោះ សារធាតុរ៉ែ អំបិល និងប្រូតេអ៊ីនមួយចំនួន ក៏ចាប់ផ្ដើមកើនឡើងកំហាប់ខ្ពស់ នៅក្នុងប្លោកនោម ហើយពួកវាចាប់ផ្តើមវិវត្ដក្លាយជាដុំគ្រីស្តាល់ និងបង្កើតជាកំណករឹង ឬជាក្រួសតែម្ដង។ ដូច្នេះការរក្សាជាតិទឹក និង ការធ្វើឱ្យប្លោកនោមរបស់យើងអាចបញ្ចេញចោលបានល្អជាប្រចាំក៏ជាចំណែកមួយជួយការពារប្លោកនោម និងក្រួសក្នុងតម្រងនោមបាន។
ជារួមក្នុងករណីភាគច្រើនដែលមិនបានទៅនោមឱ្យទៀតទាត់ តែងតែជាបញ្ហាកើតមានជាខ្លាំងទៅផ្នែកប្លោកនោម។ មានករណីខ្លះក៏ឈានទៅដល់ការហៀរទឹកនោមដោយមិនដឹងខ្លួនទៀតផង។ ទន្ទឹមគ្នានោះ ក៏ធ្លាប់មាន ការចោទសួរថា
បើទប់នោមយូរអាចបង្កឱ្យផ្ទុះប្លោកនោមដែរទេ?
ឆ្លើយតបទៅនឹងសំណួរខាងលើនេះ យោងតាមរបាយការណ៍ពីសាកលវិទ្យាល័យ វេជ្ចសាស្ដ្រ Harvard បានចុះផ្សាយកាលពីដើមឆ្នាំ២០២២ នេះថា ការដែលទប់នោមយូរ មិនអាចធ្វើឱ្យផ្ទុះប្លោកនោមបានទេ ព្រោះថាប្លោកនោមគឺជាសរីរាង្គដ៏រឹងមាំមួយ ហើយទំនងជាមិនងាយប្រេះស្រាំនោះដែរ។ ផ្ទុយទៅវិញ វានឹងធ្វើឱ្យខ្លួនយើងមានអាការមិនស្រួលរហូតដល់ទីបំផុត យើងក៏បោះបង់ ហើយរត់បត់ជើងតូចជាមិនខាន។ ប៉ុន្ដែមានករណីខ្លះដែលប្លោកនោម អាចធ្លាប់មានប្រវត្ដិការព្យាបាលដោយ ការវះកាត់ ការធ្លាប់មានរបួស ការចុះខ្សោយនៃជញ្ជាំងសាច់ដុំរបស់វា ក៏ស្ថិតក្នុងការព្រួយបារម្ភ៕

ប្រភព៖ Hellokrupet